រាជធានីភ្នំពេញ៖ ប្តីប្រពន្ធមួយគូរ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គម មានការខឹងសម្បារយ៉ាងខ្លាំង ពេលដែលពួកគេបានឃើញ ប្តីជាអ្នកថត ឲ្យប្រពន្ធកាន់សត្វព្រៃជាច្រើនប្រភេទ ដើម្បីយកមកសម្លាប់ស្រស់ៗ ដើម្បីធ្វើម្ហូប ហើយថតបង្ហោះតាមប្រព័ន្ធ យូធូប ក្នុងគោលបំណងរកលុយ តាមបណ្តាញមួយនេះ ។
បន្ទាប់ពីមានការស៊ែរតៗគ្នា និងមានការរិះគន់ និងសូមឲ្យអាជ្ញាធរចាត់វិធានការ ជាបន្ទាន់ចំពោះប្តីប្រពន្ធ១គូរនេះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ថា ក្រសួងបរិស្ថានបានទទួល ព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀ តជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មក គឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការ បន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះ មានកម្រិតធ្ងន់ធ្ងរនឹងឈានទៅ ចាត់ការតាមច្បាប់របស់ក្រសួង ថែមទៀតផង»។
ជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ផងដែរថា មិនត្រឹមតែចាត់វិធានការ លើការប្រព្រឹត្តិរបស់ពួកគេទាំង២នាក់ ប្តីប្រពន្ធខាងលើប៉ុណ្ណោះទេ គឺក្រសួងក៏បានស្នើទៅខាង អ្នកគ្រប់គ្រង បណ្តាញសង្គម យូធូប ឲ្យលុបវីដេអូទាំងនេះចេញពីយូធូប ជាបន្ទាន់ផងដែរ។
សូមរំលឹកផងដែរថា ប្តីប្រពន្ធមួយគូរខាងលើនេះ បានបង្កើតឆានែលមួយ នៅក្នុងទំព័រយូធូប ឈ្មោះ “Natural Life TV” ដោយបានថតវីដេអូជាច្រើន ដោយបុរសជាប្តីជាអ្នកកាន់ កាម៉េរ៉ាថតវីដេអូ ចំណែកប្រពន្ធ បានយកសត្វព្រៃជាច្រើនប្រភេទ ជាពិសេសទៅទៀត គឺសត្វដែលជាប្រភេទសត្វកម្រ ជិតផុតពូជ ថែមទៀតផង ដោយសម្លាប់ហើយ យកមកធ្វើម្ហូបដើម្បីថតជាឯកសាររបស់ពួកគេ ក្នុងគោលបំណងរកអ្នកមើល នៅក្រៅប្រទេសដើម្បីបានលុយ ពីប្រព័ន្ធយូធូប៕








0 comments:
Post a Comment